ការវិភាគប្រធានបទសំខាន់ៗ

_______________________________

អ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំ

ជាប្រធានបទទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១២ ដែលមានគោលបំណង ដើម្បីឲ្យកូន ចៅ យល់ដឹងអំពីគុណតម្លៃ ដ៏ពិតប្រាកដរបស់លោកអ្នកដ៏មានគុណទាំងឡាយ ជាពិសេសអ្នកម្ដាយគ្រប់ៗរូបក្នុងការខិតខំប្រឹងប្រែងតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ប្រៀនប្រដៅ បុត្រធីតាឲ្យមានអនាគតល្អប្រសើរ។ ជាមួយគ្នា នេះ ខ្ញុំសូមយកប្រធានបទនេះបង្ហាញពីកិត្តិគុណ វីរភាព និងពលិកម្មដ៏ឧត្តុង្គឧត្តមរបស់ម្ដាយខ្ញុំចំពោះកូន។

 ១.         នេះជាសំណេរពិត                             បទព្រហ្មគីតិទុកចងជា

           ប្រធាននៃទិវា                                  នារីជាអន្តរជាតិ។

២.        រៀបរាប់កិត្តិគុណ                             ម្ដាយដ៏ធ្ងន់ជូនផៅញាតិ

           ដើម្បីត្រដាងលាត                             ជាមារយាទចំពោះកូន។

៣.        គឺអ្នកម្ដាយដ៏ឆ្នើម                              ចាប់ផ្ចុងផ្ដើមផ្ដល់ជាក្បូន

           ខិតខំផ្ដល់ដំបូន                                ចម្លងកូនឲ្យដល់ត្រើយ។

៤.        ចាប់តាំងពីពពោះ                              ប្រឹងឥតលោះឥតល្ហែល្ហើយ

           ធ្វើការមិនកន្តើយ                              មិនខ្វល់ឡើយទោះនឿយណាយ។

៥.        ដំណើរឆ្លងភូមិឃុំ                              ទីប្រជុំទោះជិតឆ្ងាយ

           លះបង់កម្លាំងកាយ                           ទៅចែកចាយដូរទំនិញ។

៦.        មិនថាថ្ងៃ ឬយប់                              ម្ដាយមិនឈប់មិនទោសម្នេញ

           ខិតខំប្រឹងស្រទេញ                            រកចំណេញចិញ្ចឹមកូន។

៧.        អាសូរនាថ្ងៃមួយ                              ហៅសែនព្រួយម្ដាយស្ទើរសូន្យ

           ឪពុកសែនស្រពោន                           ខ្លាចម្ដាយកូនឃ្លាតឆ្ងាយទៅ។

៨.        ដំណើរតាមរទេះ                              ផ្លូវដាច់ប្រេះ ចុះភ្នំជ្រៅ

           ពុកមិនបង្អង់នៅ                               ចុះចេញទៅដឹកមុខគោ។

៩.        អ្នកម្ដាយដែលពពោះ                          ប្រឹងសង្គ្រោះទាញខ្សែគោ

           រទេះជ្រុលធ្លាក់អូរ                             សែនអាសូរជើងអ្នកម្ដាយ។

១០.       ម្ដាយសែនឈឺចុកចាប់                        តែស្វាហាប់មិនសោកស្ដាយ

           ព្រោះគ្រាន់ឈឺរូបកាយ                       ចិត្តសប្បាយកូននៅគង់។

១១.       ការពារកូនក្នុងផ្ទៃ                              ទោះម្ដាយថ្លៃពិការទ្រង់

           ប្រសូត្រកូនភ្លោះពង្ស                         គឺឋេររង្ស និងឋេរឫទ្ធិ។

១២.      ពពោះពិបាកហើយ                            ម្ដាយខ្ញុំអើយថែមភ័យភិត

           ប្រសូត្រកូនទ្វេពិត                             តើរឹងរឹតនឿយយ៉ាងណា។

១៣.      បីបាច់ទារកពីរ                                ក្នុងនាទីជើងពិការ

           ពេលពុកទៅធ្វើការ                            បានអ្នកណាជួយម្ដាយថ្លៃ។

១៤.      អ្នកម្ដាយផ្ដល់កំណើត                        ស្រស់ល្អឆើតគុណធំក្រៃ

           ចិញ្ចឹមកូនចរណៃ                              បានដល់ថ្ងៃហៅសុខសាន្ត។

១៥.      លះបង់ពេលវេលា                            ជូនបុត្រភ្ងាគ្មានស្រាកស្រាន

           ទោះពេលត្រូវសំរាន្ត                          ម្ដាយពុំបានលក់ស្កប់ស្កល់។

១៦.       ស្វែងរកថវិកា                                 កូនសិក្សាគ្មានសេសសល់

           បំណងដើម្បីផ្ដល់                              នូវគោលដៅគឺវិជ្ជា។

១៧.      ស្ទើរអត់ហើយស្ទើរឃ្លាន                     ឲ្យកូនរៀនឧត្តមា

           លទ្ធផលដ៏ជាក់ជា                             កូនស្ងួនភ្ងាបានជោគជ័យ។

១៨.      កូនទាំងប្រាំមួយនាក់                          បានជាប់ជាក់យ៉ាងប្រពៃ

           បាក់ឌុប-បរិញ្ញាន័យ                          ថែមជាញជ័យថ្នាក់ជាន់ខ្ពស់។

២០.      អ្នកម្ដាយជាគ្រូខ្ញុំ                              ចំណេះផ្ដុំតាំងក្នុងពោះ

           បង្រៀនវិជ្ជារស់                               ឲ្យមានឈ្មោះជាអ្នកស្រុក។

២១.      ម្ដាយជាអ្នកដឹកនាំ                             ជួយពាំនាំគ្រួសារសុខ

           ការងារទាំងក្រោយមុខ                       ម្ដាយរៀបទុកចាត់ចែងជា។

២២.      ម្ដាយជាព្រះក្នុងផ្ទះ                            ចាំងចែងរះគ្រប់វេលា

           ប្រាប់កូននូវមាគ៌ា                              សុខមង្គលា-តរៀងទៅ។

 សូមរង់ចាំវគ្គបន្ត!

និពន្ធដោយ៖ ជួប ឋិតឋេរឫទ្ធិ

សិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១២)

អ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំ

ការវិភាគជុំវិញបញ្ហាជម្លោះកម្ពុជា-ថៃ

ជម្លោះនេះ បើគិតមួយភ្លែត វាជាជម្លោះតែក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ ប៉ុន្តែបើគេពិចារណាឲ្យស៊ីជម្រៅបន្តិច ជម្លោះនេះអាច ស្ថិតនៅក្នុងកម្រិតធំជាងនេះ និយាយរួម វាជាបញ្ហា តបន់ និងពិភពលោកផងដែរ។ ការវិភាគតាមកម្រិត មានដូចខាងក្រោម៖

ក. កម្រិត១៖ក្របខ័ណ្ឌភាគីជម្លោះ

    ថៃ៖ បង្កជម្លោះ និងធ្វើសង្គ្រាម ដើម្បី៖ 

១. ឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា   

២. បំផ្លាញសាសនា (វត្តកែវសិក្ខាគីរីស្វារៈ) វប្បធម៌  និងបេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ )និងជាពិសេស ដើម្បីរេរាំងផែនការអភិវឌ្ឍន៍របស់អង្គការយូណេស្កូមកលើតំបន់ប្រាសាទព្រះវិហារ។

៣. រក្សាអំណាច និងបង្កើនប្រជាប្រិយភាពរបស់ខ្លួន (ក្រុមអាវលឿង-អាប់ភីស៊ីត) ដោយការបង្វែរបញ្ហា តាមរយៈការធ្វើសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។ ពីព្រោះ ថៃមានការបែកបាក់ផ្ទៃក្នុង (ក្រុមអាមាត្យ ក្រុមយោធា រដ្ឋាភិបាល និងចលនាអាវលឿង-អាវក្រហម)។

៤. អនុវត្តនយោបាយការបរទេស ឈ្លានពានប្រទេសជិតខាង ដើម្បីពង្រីកអំណាចរបស់ខ្លួន។

៥. មិនគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ (គូរផែនទីឯកត្តោភាគី-ផែនទីចោរ ដើម្បីបង្កើតតំបន់ ៤.៦ មិនគោរពសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ មិនគោរពអនុសារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទដ្ឋានគតិយុត្តិអន្តរជាតិដទៃទៀត)។

៦. ជាតិនិយមជ្រុល វង្វេងប្រវត្តិសាស្ត្រ និងស្រឡាញ់សង្គ្រាម។ (សម្ដីសជាតិ មារយាទសពូជ)។ វិភាគលម្អិតពេលក្រោយ!

 កម្ពុជា៖ បង្ខំចិត្តផ្ទះអាវុធ ដើម្បី៖

១. ស្វ័យការពារ និងការពារបូរណភាពទឹកដីរបស់ខ្លួន ទប់ស្កាត់ និងប្រឆាំងការឈ្លានពានរបស់ថៃ

២. ការពារសាសនា  វប្បធម៌  និងបេតិកភណ្ឌពិភពលោក និងជាពិសេស គឺដើម្បីអភិវឌ្ឍតំបន់ព្រំដែន

៣. ឯកភាពជាតិ និងប្រជាធិបតេយ្យ

៤. អនុវត្តនយោបាយការបរទេសសន្តិសហវិជ្ជមាន

៥. គោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ

៦. ឥរិយាបទស្រឡាញ់សន្តិភាព (សម្ដីសជាតិ មារយាទសពូជ)។ វិភាគលម្អិតពេលក្រោយ!

ខ. កម្រិត២៖ ក្របខ័ណ្ឌតំបន់

ថៃអនុវត្តនយោបាយការបរទេសអបលក្ខណ៍  បង្កវិវាទ និងអសន្តិសុខនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កអសន្តិសុខក្នុងតំបន់។ ចំណែកឯ កម្ពុជារក្សា និងការពារសន្តិសុខតាមតំបន់ព្រំដែន និងក្នុងតំបន់ ទប់ស្កាត់ការរីករាលដាលនៃសង្ក្រាម និងការគំរាមគំហែងសន្តិសុខក្នុងតំបន់អាស៊ាន។ នយោបាយ ក្នុងតំបន់របស់ថៃ គឺដើម្បី៖

១. ពង្រីកទឹកដី ឈ្លានពានប្រទេសជិតខាង (មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ និងកម្ពុជា)

២. ពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម ថៃចង់ក្លាយជាបងធំ ឬមហាអំណាចក្នុងតំបន់អាស៊ាន ដូចសហរដ្ឋអាមេរិចជាបងធំ ឬមហាអំណាចពិភពលោកដែរ។

៣. ពង្រឹង និងពង្រីកឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសវិស័យយោធាទៅក្នុងតំបន់ អាស៊ាន។

គ. កម្រិត៣៖ ក្របខ័ណ្ឌពិភពលោក

១. ការប្រកួតប្រជែង និងការលក់សព្វាវុធរបស់បណ្ដាប្រទេសមហាអំណាច ប្រទេសផលិតអាវុធ ដូចជា អាមេរិច ចិន រុស្ស៊ី ជាដើម។

២. ការដណ្ដើមឥទ្ធិពលក្នុងតំបន់៖ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិកចំនួន១០ប្រទេស (ប្រទេសទីម័រខាងកើត អាចក្លាយជាសមាជិកទី១១របស់អាស៊ានក្នុងឆ្នាំ២០១១ ឬ២០១២) ក្នុងនោះ មានប្រទេសជាសមាជិកមួយចំនួនស្ថិតក្រោមឥទ្ទិពល ឬក៏ដើរតាមនិន្នាការសង្គមនិយមនៃប្រទេសចិន (លទ្ធិម៉ៅ) ដូចជា កម្ពុជា និងនិន្នាការនៃប្រទេសរុស្ស៊ី  (លទ្ធិលេនីន) មាន វៀតណាម ឡាវ ជាដើម។ ប្រទេសសង្គមនិយមទាំងពីរនេះ (ចិន និងរុស្ស៊ី) គឺជាមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក ហើយក៏ជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អាមេរិច អង់គ្លេស បារាំង ចិន និងរុស្ស៊ី)។ មានន័យថា ប្រទេសមហាអំណាចទាំងពីរនេះ គឺជាគូប្រជែងយ៉ាងធំជាមួយសហរដ្ឋអាមេរិច ដែលចិន និង រុស្ស៊ីនេះ កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ានតែម្ដង។ ដូចនេះ អាមេរិច ត្រូវតែរិះរកមធ្យោបាយដើម្បីចូលទៅក្នុង ឬបង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយប្រើកូនអុក របស់ខ្លួនគឺប្រទេសថៃ ដែលជាសមាជិកមួយរបស់អាស៊ាន ឲ្យពង្រីកអំណាចនៅក្នុងអាស៊ាន។ ទង្វើបែបនេះ គឺជាការទប់ស្កាត់ការរីករាលដាលនៃលទ្ធិ ឬឥទ្ធិពលរបស់ចិន និងរុស្ស៊ី មកលើបណ្ដាប្រទេសនៅអាស៊ាន ជាពិសេសគឺ កម្ពុជា មីយ៉ានម៉ា ឡាវ និងវៀតណាម។

៣. កត្តាភូមិសាស្ត្រ៖ អាមេរិច ស្ថិតនៅឆ្ងាយពីតំបន់អាស៊ាន ចំណែកឯ ចិន និងរុស្ស៊ី ស្ថិតនៅជិតអាស៊ាន ដែលផ្ដល់លទ្ធភាពដល់ចិន និងរុស្ស៊ី ងាយស្រួលក្នុងការពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ី។ ដូចនេះ អាមេរិចត្រូវតែពង្រឹងអំណាចរបស់ខ្លួននៅតំបន់អាស៊ី និងអាស៊ាន ដោយយកប្រទេសថៃជាមូលដ្ឋាន ឬជា កូនអុកនៃការពង្រីកអំណាច។

៤. អាស៊ានឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយ ក្នុងឆ្នាំ២០១៥ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឲ្យកាន់តែល្អប្រសើរ ដូចសហគមន៍អឺរ៉ុបដែរ។ នេះជាចលនាមួយ ប្រសើរបំផុតសម្រាប់ប្រទេស នៅក្នុងតំបន់ ប៉ុន្តែវាជាការកាត់បន្ថយនូវអំណាចរបស់អាមេរិច ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។ល។ ដូចនេះ វាអាចជាបច្ច័យមួយដែលធ្វើឲ្យអាមេរិចចាត់វិធានការបង្កចលាចលក្នុងតំបន់អាស៊ាន ដើម្បីកុំឲ្យ សម្រេចបាននូវគោលដៅនៃការបង្កើតសហគមន៍អាស៊ាន។

វិភាគដោយ៖ ជួប ឋិតឋេរប្ញទ្ធិ